ការពង្រឹងការត្រួតពិនិត្យនិងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ARCH Cambodia © 2014 Aji Styawan/MATA SPC, Courtesy of Photoshare

រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយូរអង្វែង ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយ។     ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១០ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ បាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំង នូវអត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃជីវិត កើនទ្បើងពី ១១% ក្នុងឆ្នាំ ២០០០ ទៅ ៧៤% នៅឆ្នាំ ២០១០។ ទោះបីយ៉ាងណាក៏ដោយ អត្រានៃការបំបៅកូនដោយទឹកដោះម្តាយមានការថយចុះ ខណះការបំបៅកូនដោយដបបំបៅ និងការប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយ មានការកើនទ្បើង។​ ការបំបៅកូនដោយដបបំបៅសម្រាប់កុមារអាយុក្រោម ៦ខែ មានការកើនឡើងទ្វេដង នៅចន្លោះឆ្នាំ ២០០០ និងឆ្នាំ ២០០៥ (អត្រាកើនទ្បើងពី ៣.៤​ % ទៅ ៧.០%) ហើយក៏ មានការកើនទ្បើងទ្វេដងផងដែរពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១០​ (អត្រាកើនទ្បើងពី ៧%​ ទៅ ១៤.៣%1) ។ លទ្ធផលពីការអង្កេតប្រជាសាស្ត្រ  និងសុខភាពកម្ពុជាឆ្នាំ ២០១៤ បានបង្ហាញថា ចន្លោះឆ្នាំ ២០១០ និងឆ្នាំ ២០១៤ ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃជីវិត បានធ្លាក់ចុះ ពី ៧៤% ទៅ ៦៥% ។

និន្នាការដែលគួរឲ្យព្រួយបារម្ភនេះ អាច      បណ្តាលមកពីកើនទ្បើង នៃការផ្សព្វផ្សាយទាក់ទាញ ឲ្យប្រើប្រាស់ ផលិតផលជំនួសទឹកដោះម្តាយ។      ការផ្សព្វផ្សាយទាំងនោះ រំលោភបំពានលើ  អនុក្រឹត្យ ស្តីពី ការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក​និងកុមារ (អនុក្រឹត្យលេខ ១៣៣) ដែលជាការបកស្រាយរបស់កម្ពុជាដោយ យោងទៅលើក្រមអន្តរជាតិ ស្តីពីការផ្សព្វផ្សាយផលិតផលជំនួសទឹកដោះម្តាយរបស់ អង្គការសុខភាពពិភពលោ (WHO)។     ការស្រាវជ្រាវ របស់គម្រោងវាយតម្លៃនិងសិក្សាស្រាវជ្រាវ ទៅលើការចិញ្ចឹមទារក (ARCH) របស់ អង្គការហេទ្បែន ខេលល័រអន្តរជាតិ (HKI) នៅ    រាជធានីភ្នំពេញក្នុងឆ្នាំ ២០១៤ បានរកឃើញថា ៨៦% នៃ ម្តាយបានអានឃើញ ឬបានលឺការផ្សព្វផ្សាយលើកកម្ពស់ការប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយ ១៩% នៃម្តាយ​បានរាយការណ៍ថាបានសង្កេតឃើញម៉ាក ឬស្លាកសញ្ញានៃផលិតផលសម្រាប់ចិញ្ចឹមទារក​និងកុមារ នៅលើសម្ភារៈក្នុងគ្រឹះស្ថាន              សុខាភិបាល និង ១៨% រាយការណ៍ថាបានទទួលការណែនាំផ្សេងៗ ពីអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ឲ្យប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយ។

នៅឆ្នាំ ២០១៤ អង្គការហេទ្បែន ខេលល័រអន្តរជាតិ (HKI) បានធ្វើការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ វិភាគស្ថានភាពមួយដើម្បីវាយតម្លៃពីកម្រិតនៃចំណេះដឹងលើខ្លឹមសារអនុក្រឹត្យ ក៏ដូចជាការពង្រឹងនិង ការអនុវត្តអនុក្រឹត្យ ១៣៣ របស់​រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាលនិងក្រសួងពាក់ព័ន្ធផ្សេងទៀត ជាក្រសួងទទួលខុសត្រូវ ក្នុងការអនុវត្តអនុក្រឹត្យនេះ ។  ការសិក្សានេះបានរកឃើញថា ជារួមកម្រិតនៃការយល់ដឹងលើខ្លឹមសារអនុក្រឹត្យ ក៏ដូចជាការពង្រឹងនិងការអនុវត្ត អនុក្រឹត្យនេះគឺនៅមានកំរិតទាប ហើយយន្តការត្រួតពិនិត្យ និងការអនុវត្តជាប្រចាំក៏នៅមានកំរិតនៅទ្បើយ។ ការរកឃើញនេះបានជួយជំរុឱ្យ រាជរដ្ឋាភិបាល បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតលើការអនុវត្តអនុក្រឹត្យនេះ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមប្រឹក្សាតាមដានអន្តរក្រសួង សម្រាប់ការអនុវត្តន៍អនុក្រឹត្យលេខ១៣៣ ត្រូវបានបង្កើតទ្បើង ដើម្បីធ្វើឲ្យ កាន់តែប្រសើរទ្បើង នូវការពង្រឹងការអនុវត្ត និងត្រួតពិនិត្យអនុក្រឹត្យលេខ១៣៣ ។ ក្រុមប្រឹក្សាតាមដាន ដឹកនាំដោយ ក្រសួងសុខាភិបាល និងមានសមាសភាពតំណាងពីក្រសួង ពាក់ព័ន្ធចំនួន ៣ ផ្សេងទៀត  (ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន និង ក្រសួងឧស្សហកម្ម និងសិប្បកម្ម​) ដែលតំណាងដោយ                រដ្ធលេខាធិការមកពីក្រសួងទាំងនោះ។ ក្រុមការងារបានរៀបចំចងក្រង គោលការណ៍ណែនាំ ដែលរួមមាន   បញ្ចីត្រួតពិនិត្យ សម្រាប់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការអនុវត្តន៍ ត្រួតពិនិត្យ និងពង្រឹង អនុក្រឹត្យលេខ​១៣៣។  ជាគោលការណ៏ ក្រុមប្រឹក្សាតាមដានអន្តរក្រសួងនេះ ចាំបាច់ត្រូវធ្វើការរាយការណ៍ ជូនក្រុម ប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ(CARD) ទៅលើវឌ្ឍនភាពនៃ ការពង្រឹងការអនុវត្តអនុក្រឹត្យ ១៣៣ ។

ការអនុវត្តក្រមអន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា
១៩៨១៖ ក្រមអន្តរជាតិស្តីពីការផ្សព្វផ្សាយផលិតផលជំនួសទឹកដោះម្តាយបានអនុម័តដោយសន្និបាត ស្តីពី សុខភាពពិភពលោក
២០០៥៖ អនុក្រឹត្យលេខ១៣៣ អនុម័ត ដោយ ព្រះរាជាណាចក្រកម្ពុជា
២០០៧៖ ប្រកាសរួមអន្តរក្រសួង លេខ ០៦១ ត្រូវបានអនុម័តដើម្បីអនុវត្ត ត្រួតពិនិត្យ និងពង្រឹង អនុក្រឹត្យ លេខ១៣៣
២០១៤៖ ក្រុមប្រឹក្សាតាមដានត្រួតពិនិត្យត្រូវបានបង្កើតឡើង និងការធ្វើវិភាគស្ថានភាព
២០១៥៖ ការបង្កើតលក្ខន្តិកៈសម្រាប់ក្រុមប្រឹក្សាតាមដាន ការរៀបចំគោលការណ៍ណែនាំការអនុវត្ត សម្រាប់អនុក្រឹត្យលេខ ១៣៣ និងប្រកាសរួមលេខ០៦១ ការអង្កេតស្តីពីការយល់ដឹង ជាសាធារណៈលើ អនុក្រឹត្យលេខ ១៣៣
២០១៦៖ ការបងើ្កតឧបករណ៍តាមដានត្រួតពិនិត្យ វគ្គ បណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ ត្រូវបានធ្វើទ្បើង
២០១៧៖ ការដាក់សាកល្បងប្រព័ន្ធតាមដានត្រួតពិនិត្យទាំងមូល (កំពុងដំណើរការ)

 

កាលពីខែមីនា ឆ្នាំ២០១៧ គោលការណ៍ណែនាំនេះ ត្រូវបានដាក់ឲ្យអនុវត្តនៅក្នុង ខេត្តសាកល្បង ចំនួនបួន (ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ)។  មន្រ្តីអធិការកិច្ចត្រួតពិនិត្យ នៃអគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញអាហ័រណ នីហ័រណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) និងនាយកដ្ឋាន ឱសថនិងចំណីអាហារ បានចុះធ្វើសកម្មភាពអធិការកិច្ច ត្រួតពិនិត្យ និងធ្វើរបាយការណ៍ នៅតាមបណ្តាទីតាំងលក់ (ផ្សារទំនើប ហាងលក់ផលិតផលទារក និងឱសថស្ថានជាដើម)។ ក្នុងកំឡុងពេលអធិការកិច្ចមន្រ្តីអធិការកិច្ច បានត្រួតពិនិត្យមើល ថាតើមានការរំលោភបំពានលើ ខ្លឹមសារនៃអនុក្រឹត្យ១៣៣ តាមរយៈការផ្សព្វផ្សាយ និងស្លាកសញ្ញាដែរឬទេ ហើយក្នុងករណីមានការរំលោភ មន្រ្តីអធិការកិច្ចអាចរាយការណ៍អំពី ការរំលោភបំពានទាំងនោះទៅក្រុមប្រឹក្សាតាមដាន (OB) សម្រាប់ចាត់វិធានការណ៍បន្ទាប់។ ក្នុងអំឡុងពេលចុះអធិការកិច្ច​ នៅតាមបណ្តាហាងទំនិញ មន្រ្តីអធិការកិច្ច ក៏បានផ្តល់នូវការណែនាំ​លើ បទប្បញ្ញត្តិពាក់ព័ន្ធនឹងការលក់​ និងការផ្សព្វផ្សាយ នៃផលិតផលជំនួសទឹកដោះម្តាយ ក្រោមអនុក្រឹត្យ១៣៣ ជូនទៅម្ចាស់ហាងទំនិញផងដែរ។ ចំណែកមន្រ្តីត្រួតពិនិត្យ មកពីកម្មវិធីជាតិអាហារូបត្ថម្ភ ដែលធ្វើការត្រួតពិនិត្យសកម្មភាព នៅថ្នាក់ក្រោមជាតិ (មន្ត្រីសុខាភិបាលត្រួតពិនិត្យនៅ មន្ទីរសុខាភិបាលខេត្ត និងការិយាល័យស្រុកប្រតិបត្តិ) ក៏បានចុះធ្វើការតាមដានត្រួតពិនិត្យ និងធ្វើរបាយការណ៍សកម្មភាពនៅតាមគ្រឹះស្ថានសុខាភិបាល (មន្ទីរពេទ្យ និងមណ្ឌលសុខភាពជាដើម)។

អង្គការសង្គមស៊ីវិលរួមទាំង អង្គការហេទ្បែន ខេលល័រអន្តរជាតិ (HKI) កំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បី គាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការអនុវត្ត ត្រួតពិនិត្យ និងពង្រឹងឲ្យកាន់តែមានប្រសិទ្ធភាពនូវច្បាប់នេះ។ បច្ចុប្បន្នគម្រោងវាយតម្លៃ និងសិក្សាស្រាវជ្រាវទៅលើការចិញ្ចឹមទារក (ARCH) របស់អង្គការហេទ្បែន ខេលល័រអន្តរជាតិ (HKI) កំពុងគាំទ្របេសកកម្មត្រួតពិនិត្យបស់មន្រ្តីអធិការកិច្ច ឬគ្រូបង្គោលថ្នាក់ជាតិ នៃ បណ្តាក្រសួងពាក់ព័ន្ធ ដើម្បីចុះធ្វើការ តាមដានត្រួតពិនិត្យ និងពង្រឹងការអនុវត្តអនុក្រឹត្យ១៣៣ របស់មន្រ្តីត្រួត       ពិនិត្យថ្នាក់ក្រោមជាតិ ដែលមានតួនាទីចុះត្រួតពិនិត្យ នៅតាមគ្រឹះស្ថានសុខាភិបាលនិងអធិការកិច្ចតាម       បណ្តាទីតាំងលក់ទំនិញ។ ក្នុងអំឡុងបេសកកម្មនេះ មន្រ្តីថ្នាក់ជាតិធ្វើការពិនិត្យ និងពិភាក្សាការងារត្រួតពិនិត្យថ្មីៗ ធ្វើការពិនិត្យលើបញ្ជីត្រួតពិនិត្យ និងរបាយការណ៍ និងជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងជម្រុញ​លើកទឹកចិត្តឲ្យមន្រ្តីថ្នាក់ក្រោមជាតិ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។ បេសកកម្មត្រួតពិនិត្យនេះ បានចាប់ផ្តើម នៅក្នុងខែមីនា និងបន្តចុះលើកក្រោយទៀតនៅខែ ឧសភា មិថុនា កក្កដា និងសីហា ឆ្នាំ ២០១៧។

ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជា​ កំពុងស្ថិតលើវិថីបន្តដំណើរឆ្ពោះទៅ ការអនុវត្តពេញលេញ នៃយន្តការអនុវត្ត ត្រួតពិនិត្យ និងពង្រឹងច្បាប់នេះ នាពេលអនាគតខាងមុខ សកម្មភាព និងកិច្ចខិតខំប្រឹងប្រែងកន្លងមកនេះអាចផ្តល់ជាគំរូល្អមួយសម្រាប់បណ្តាប្រទេសផ្សេងៗ ដកស្រង់បទពិសោធន៍ ដើម្បីពង្រឹង និងធ្វើឲ្យប្រសើរទ្បើងនៃការលើកកម្ពស់ការអនុវត្តត្រួតពិនិត្យ និងពង្រឹងច្បាប់បទដ្ឋាន ស្តីពីការផ្សព្វផ្សាយលក់ ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ។

ព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយពីបេសកកម្មចុះត្រួតពិនិត្យនេះ នៅរាជធានីភ្នំពេញ​ និង ក្រុងព្រះសីហនុ

1ទិន្នន័យអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជាឆ្នាំ ២០០០, ២០០៥, ២០១០ ក្រសួងផែនការ

Click here for a version of this story in English.